ដំណើរជីវិត ពាក្យប្រារព្ធ
ដំណើរជីវិត គឺជាឈ្មោះនៃសៀវភៅថ្មីមួយទៀត ដែលខ្ញុំបាន
រៀបរៀងឡើង ក្នុងកាលដែលខ្ញុំមានអាយុ ៣១ឆ្នាំ បន្ទាប់ពី
បានបោះពុម្ពចែកផ្សាយនូវសៀវភៅ ព្រះធម្មបទ៣១គាថា
រួចហើយ។
សៀវភៅ ដំណើរជីវិត នេះ ខ្ញុំបានចាប់ផ្ដើមសរសេរនៅ
ប្រទេសកម្ពុជា ហើយបានបញ្ចប់សព្វគ្រប់នៅ ប្រទេស
អូស្ត្រាលី ក្នុងកំឡុងពេលដែលខ្ញុំមកបង្រៀន ព្រះអភិធម្ម
ស្ដីពីរូបបរមត្ថ បរិច្ឆេទទី ៦ ដល់ពុទ្ធបរិស័ទ នៅក្នុងអាគារ
សមាគមខ្មែរ នាទីក្រុងម៉ែលប៊ន ចាប់ពីថ្ងៃព្រហស្បតិ៍
៦រោច ខែចេត្រ ឆ្នាំច អដ្ឋស័ក ព.ស.២៥៥០ ដល់ថ្ងៃ
ព្រហស្បតិ៍ ១កើត ខែជេស្ឋ ឆ្នាំកុរ នព្វស័កព.ស.២៥៥១
ដែលជាដំណើរលើកទីពីររបស់ខ្ញុំមកកាន់ប្រទេស
អូស្ត្រាលី។
ដំណើរជីវិត គឺជាបទពិចារណាទាក់ទងនឹងរឿងជីវិតរបស់
មនុស្សគ្រប់គ្នា។